ពេលនេះអ្នកប្រើ iPhone មួយចំនួន អាចដាក់ពាក្យសុំថ្លៃជំងឺចិត្ត ២៥ដុល្លារពី Apple បានហើយ
កាលពីដើមឆ្នាំ Apple បានយល់ព្រមចំណាយរហូតដល់ ៥០០លានដុល្លារ ដើម្បីដោះស្រាយពាក្យបណ្ដឹងតាងនាមក្រុមក្នុងសហរដ្ឋអាមេរិក ដែលប្ដឹង Apple ជុំវិញរឿងបន្ថយល្បឿន iPhone ចាស់ៗ។ ពេលនេះវិបសាយថ្មីមួយត្រូវបានបង្កើតឡើងសម្រាប់ម្ចាស់ iPhone ដែលរងផលប៉ះពាល់ទាំងឡាយ អាចដាក់ពាក្យទាមទារថ្លៃជំងឺចិត្ត។
គួរដឹងថាក្នុងការសម្របសម្រួល Apple បានបញ្ជាក់ថានឹងផ្ដល់ជាទឹកប្រាក់សុទ្ធប្រមាណ ២៥ដុល្លារ សម្រាប់ iPhone នីមួយៗដែលមានសិទ្ធទទួលបានថ្លៃសំណង។ ប៉ុន្តែថ្លៃសំណងជាក់ស្ដែងអាចតិច ឬច្រើនជាង ២៥ដុល្លារនេះ អាស្រ័យលើចំនួន iPhone ដែលមានសិទ្ធទទួលការថ្លៃសំណងនេះផងដែរ។
ដើម្បីអាចទទួលបានថ្លៃសំណងបាន គឺត្រូវតែជាអ្នករស់នៅសហរដ្ឋអាមេរិក និងមានបំពេញតាមលក្ខខណ្ឌកំណត់ដូចខាងក្រោម ៖
១. អ្នកប្រើប្រាស់ iPhone 6, 6 Plus, 6s, 6s, 6s Plus, 7, 7 Plus ឬ iPhone SE ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 10.2.1 ឬខ្ពស់ជាងនេះ
២. ឬក្នុងករណីនៃ iPhone 7 និង 7 Plus ដែលប្រើ iOS 11.2 ឬខ្ពស់ជាងនេះ ផលិតមុនថ្ងៃទី ២១ ខែធ្នួ ឆ្នាំ ២០១៧
គួរដឹងថារឿងដែល Apple បន្ថយល្បឿន iPhone បានផ្ទុះឡើងកាលពីឆ្នាំ ២០១៧ ដែលពេលនោះ Apple បានទទួលស្គាល់ថាខ្លួនមានចេតនាបន្ថយល្បឿន iPhone ចាស់ៗដែលថ្មចុះខ្សោយថាមពល ដើម្បីទប់ស្កាត់កុំឲ្យ iPhone ចាស់ៗទាំងនោះត្រូវរលត់ដោយគ្មានមូលហេតុ ទាំងដែលថ្មនៅមានថាមពលច្រើន។ ដើម្បីជាការសុំទោស Apple បានបន្ថយតម្លៃនៃការប្ដូរថ្មដែលចុះថ្លៃពី ៧០ដុល្លារ មកនៅត្រឹម ២៩ដុល្លារ៕
No comments