សែលកាតបើកឲ្យតេចេញ និងប្រើអ៊ីនធឺណិតឥតគិតលុយ ដល់ជនរងគ្រោះដោយសារទឹកជំនន់ - IT-Cambodia

Facebook

Breaking News

សែលកាតបើកឲ្យតេចេញ និងប្រើអ៊ីនធឺណិតឥតគិតលុយ ដល់ជនរងគ្រោះដោយសារទឹកជំនន់

 ក្រុមហ៊ុនសែលកាតបានផ្តល់ជូននូវការតេចេញ និងការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃ ដល់អតិជនគ្រប់គ្នា ដែលកំពុងទទួលរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដែលបានកើតមាននៅទូទាំងប្រទេសកម្ពុជា។ នេះជាការសម្រេចចាត់វិធានការឆ្លើយតបភ្លាមៗគួរឲ្យសរសើរមួយ ក្នុងគ្រាដែលស្ថានភាពទឹកជំនន់ប្រែកាន់តែអាក្រក់ទៅៗ។


លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករជាទីមោទនរបស់ខ្មែរតែមួយគត់ នឹងនៅរួមសុខទុក្ខជាមួយបងប្អូនពលរដ្ឋខ្មែរជានិច្ច ជាពិសេសនៅក្នុងអំឡុងពេលដ៏ពិបាកបែបនេះ។ នេះគឺជាពេលវេលាដ៏លំបាកបំផុតមួយ ដោយយើងត្រូវប្រឈមនឹងគ្រោះទឹកជំនន់ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាត ដែលធ្វើឱ្យសុវត្ថិភាពនៃការជួយសង្គ្រោះ និងការស្តារនីតិសម្បទា កាន់តែមានការលំបាកឡើង។"

ចាប់ពីថ្ងៃទី១៣ តុលានេះតទៅ អតិថិជនសែលកាតដែលកំពុងទទួលរងផលប៉ះពាល់ នឹងទទួលបាននូវការហៅចេញក្នុងប្រព័ន្ធដោយឥតគិតថ្លៃ រួមទាំងកញ្ចប់ទិន្នន័យអ៊ីនធឺណិត 500MB ផងដែរ។ ដើម្បីទទួលបាននូវការតេចេញ និងទិន្នន័យដោយឥតគិតថ្លៃនេះ អតិថិជនគ្រាន់តែចុចលេខ 1270 គឺជាការស្រេច។



ការតេចេញដោយឥតគិតថ្លៃ នឹងបន្តរហូតដល់មានការជូនដំណឹងនាពេលក្រោយ ហើយអតិថិជនអាចប្រើប្រាស់កញ្ចប់ទិន្នន័យនេះបានរហូតដល់ទៅមួយសប្តាហ៍ និងអាចស្នើសុំជាថ្មី ដោយគ្រាន់តែចុច 1270 រៀងរាល់សប្តាហ៍ ដើម្បីទទួលបានការផ្តល់ជូននេះ។

គួរដឹងថាមានខេត្តចំនួន ១៧ ហើយដែលទទួលរងផលប៉ះពាល់ ដោយគិតត្រឹមថ្ងៃទី ១៣ ខែតុលា នេះរួមមាន៖ ១.ពោធិសាត់ ២.បន្ទាយមានជ័យ ៣.ភ្នំពេញ ៤.បាត់ដំបង ៥.ស្វាយរៀង ៦.ឧត្តរមានជ័យ ៧.សៀមរាប ៨.តាកែវ ៩.កំពង់ស្ពឺ ១០.មណ្ឌលគីរី ១១.ព្រះវិហារ ១២.កោះកុង ១៣.កំពង់ឆ្នាំង ១៤.ព្រះវិហារ ១៥.កណ្តាល ១៦.ស្ទឹងត្រែង ១៧.ប៉ៃលិន ហើយអតិថិជនសែលកាតទាំងអស់ដែលឋិតនៅក្នុងតំបន់ទាំងនេះ សុទ្ធតែអាចទទួលបាននូវការផ្តល់ជូននេះ។

បន្ថែមពីការផ្ដល់ជូនដ៏ពិសេសនេះ ក្រុមហ៊ុនសែលកាតក៏បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសថវិកាជាគម្រោងសហការបង្កើតបទចម្រៀងដ៏អស្ចារ្យ ជាមួយតារាចម្រៀងល្បីៗចំនួន ៨ រូប។ វីដេអូនៃបទចម្រៀងនឹងត្រូវចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ធំៗនារាត្រី ថ្ងៃទី១៥ ខែតុលានៅវេលាម៉ោង៧ យប់ ដែលអតិថិជនអាចទាញយកបទចម្រៀងមកធ្វើជា Call Tune។ រាល់ថវិកាទាំងអស់ដែលបានមកពីការដោនឡូដ និងការភ្ជាប់សេវាកម្ម នឹងត្រូវផ្តល់ជូនដោយផ្ទាល់ទៅកាន់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងផ្តល់ជំនួយរបស់អង្គការនេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមផ្សេងៗ លោកអ្នកអាចទំនាក់ទំនងទៅកាន់ភ្នាក់ងារបម្រើសេវារបស់សែលកាត តាមរយៈទូរសព្ទលេខ 012 812 812 និងលេខ 812 សម្រាប់អតិថិជនរបស់សែលកាត៕

ប្រភព៖ Sabay

No comments