សូមប្រុងប្រយ័ត្ន មេរោគ Facebook កំពុងវាយប្រហារនៅកម្ពុជា!
នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសសង្កេតឃើញមានករណីចម្លងមេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមេរោគនោះមានឈ្មោះថា "Bist du es im Video?" ជាភាសាខ្មែរមានន័យថា "តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?"។ មេរោគនេះត្រូវបានចែករំលែកតាមរយៈសារ Messennger នៃគណនីមួយទៅកាន់គណនីផ្សេងមួយទៀត និងស្ទើពាសពេញគណនីបណ្តាញសង្គម Facebook ក្នុងស្រទាប់យុវវ័យកម្ពុជា។
ដើម្បីឲ្យកាន់តែងាយយល់ ក្រុមការងារសូមធ្វើការបរិយាយពី ចេតនា និងសកម្មភាព មេរោគ "Bist du es im Video?" ដូចខាងក្រោម៖
- ដំបូងឡើយសង្កេតឃើញការផ្ញើសារភ្ជាប់ជាមួយតំណភ្ជាប់វីដេអូ ពីគណនីអនាមិក ដែលបង្ហាញខ្លឹមសារថា "តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?" និងករណីមួយចំនួនជាមិត្តភក្រ ឬបុគ្គលដែលម្ចាស់គណនីស្គាល់។ តំណភ្ជាប់នោះមើលទៅហាក់ដូចជារូបភាព ឬវីដេអូ YouTube ដូច្នេះដែរ
- ពេលដែលអ្នកធ្វើការចុចលើរូបភាព ឬវីដេអូ ក្នុងកម្មវិធីសារ Messennger តំណភ្ជាប់នោះនឹងនាំអ្នកទៅកាន់គេហទំព័រមេរោគ ដែលមានសមត្ថភាពលួចយកលេខសម្ងាត់គណនីបណ្តាញសង្គមរបស់អ្នក ដោយវិធីសាស្ត្របន្លំលួច (Phishing) ឬចម្លងមេរោគ (Malware)
- បន្ទាប់ពីលួចគណនីជនរងគ្រោះ មេរោគនេះនឹងធ្វើការទាញយករូបភាពជនគ្រោះ ដាក់បញ្ចូលក្នុងរូបភាព ឬវីដេអូ អាសអាភាស ឬវីដេអូផ្សេងៗ ដោយប្រើប្រាស់បច្ចេកវិទ្យា DeepFake ហើយធ្វើការចែករំលែកបន្តទៅកាន់មិត្តភក្រដែលមានក្នុងគណនី ដោយស្វ័យប្រវត្តិ
- សកម្មភាពបន្លំលួចគណនីដូចរៀបរាប់ខាងលើ នឹងបន្តពីគណនីមួយ ទៅគណនីមួយយ៉ាងលឿន។
ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកដល់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម មេត្តាមានការប្រុងប្រយ័ត្ន ដោយពុំត្រូវធ្វើការចុចលើតំណភ្ជាប់ដែលពុំមានប្រភពច្បាស់លាស់ និងត្រូវជៀសវាងការផ្តល់លេខសម្ងាត់គណនីឲ្យទៅនរណាម្នាក់ (ត្រូវអង្កេតមើលអាសយដ្ឋានគេហទំព័រ មុនវាយបញ្ចូលលេខសម្ងាត់)។
ប្រភព៖
No comments