ផុសផ្ដេស់ផ្ដាស់លើ Facebook អាច​ជា​ដើមហេតុ​ឲ្យ​អ្នក​រក​ការងារ​​ធ្វើ​មិន​បាន - IT-Cambodia

Facebook

Breaking News

ផុសផ្ដេស់ផ្ដាស់លើ Facebook អាច​ជា​ដើមហេតុ​ឲ្យ​អ្នក​រក​ការងារ​​ធ្វើ​មិន​បាន

​​​​​​Facebook Instagram ឬ Twitter បាន​ក្លាយ​ជា​​របស់​ដ៏​សំខាន់​មួយ​សម្រាប់​ទំនាក់ទំនង​​​​ជា​មួយ​មិត្តភ័ក្ដិ​ និ​គ្រួសារ, ចែក​​រំលែក​រឿង​រ៉ាវ​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​អាច​ជា​ប្រយោជន៍​សម្រាប់​មុខ​ជំនួញ​ទៀត​ផង។ ប៉ុន្តែ​ចំពោះ​អ្នក​ស្វែង​រក​ការងារ​ធ្វើ​ ត្រូវ​ប្រយ័ត្ន​​បន្តិច​ ព្រោះ​អ្វី​ដែល​អ្នក​បង្ហោះ​​លើ​អនឡាញ​អាច​ជះ​ឥទ្ធិពល​ដល់​ឱកាស​ដែល​អ្នក​អាច​ទទួល​បាន​ការងារ​ធ្វើ។ អ៊ីចឹង​មាន​រឿង​អ្វី​ខ្លះ​ដែល​អ្នក​មិន​គួរ​បង្ហោះ​លើ​អនឡាញ? ចម្លើយ​គឺ​មាន​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ ៖




#សារ​សំខាន់​របស់​​បណ្ដាញ​សង្គម ​នៅ​ពេល​អ្នក​ដាក់​ពាក្យ​ធ្វើ​ការ
បេក្ខជន​ដែល​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ណា​មួយ​ ត្រូវ​ប្រយ័ត្ន​​ឲ្យ​មែន​ទែន​ពី​អ្វី​ដែល​ខ្លួន​បាន​បង្ហោះ​លើ​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន ដោយ​សារ​តែ​និយោជក​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នឹង​ស្វែង​រក​គណនី​របស់​បេក្ខជន​នីមួយៗ​​ដើម្បី​អាច​​ដឹង​កាន់​​តែ​ស៊ី​ជម្រៅ​ពី​បេក្ខជន​នោះ។ ប្រយ័ត្ន​មែន​ទែន​នោះ​ គឺ​នៅ​ពេល​ដែល​ដាក់​ពាក្យ​សុំ​ធ្វើ​ការងារ​​ណា​ដែល​មិន​មាន​ការ​សម្ភាសន៍​​ដោយ​ជួប​មុខ​គ្នា​ផ្ទាល់ ព្រោះ​គណនី​បណ្ដាញ​សង្គម​ជា​ប្រភព​តែ​មួយ​គត់​ដែល​និយោជិក​អាច​ស្វែង​យល់​ពី​បេក្ខភាព​នីមួយៗ។
#រឿង​ដែល​អ្នក​មិន​គួរ​បង្ហោះ​លើ​​គណនី​ខ្លួន
រឿង​ ៣ ចំណុច​ខាង​ក្រោម​នេះ​បាន​ស្ថិត​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​សម្រាប់​និយោជក​ភាគ​ច្រើន ហើយ​បើ​អ្នក​បាន​បង្ហោះ​រឿង​ទាំង​បី​នេះ​នៅ​លើ​​គណនី​ Facebook, Instagram ឬ Twitter អ្នក​ទំនង​ជា​បាន​បិទ​ផ្លូវ​របស់​ខ្លួន​សម្រាប់​ការ​ស្វែង​រក​ការងារ​ធ្វើ។
១. និយាយ​​មិន​ល្អ​ពី​ក្រុមហ៊ុន​ខ្លួន​
និយោជក​មិន​ប្រាកដ​ថា​ល្អ​ទាំង​អស់​នោះ​ទេ ហេតុ​នេះ​ជៀស​មិន​ផុត​ពី​ត្រូវ​និយោជិក​និយាយ​ដើម​នោះ​ឡើយ ប៉ុន្តែ​អ្នក​មិន​គួរ​និយាយ​​ដើម​​តាម​រយៈ​តួ​អក្សរ​ដែល​បង្ហោះ​លើ​​​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​នោះ​ទេ។ ហេតុ​អ្វី​បាន​មិន​គួរ? ងាយ​យល់​ទេ។ ប្រសិន​បើ​អ្នក​ហ៊ាន​និយាយ​ដើម​ក្រុមហ៊ុន​ដែល​ខ្លួន​កំពុង​បម្រើ​ការងារ​ទៅ​ហើយ ​មាន​អ្វី​ដែល​អាច​ហាម​​អ្នក​មិន​​ឲ្យ​​និយាយ​ដើម​​ក្រុមហ៊ុន​ថ្មី​នោះ?
​​​​​​​២. ការ​បញ្ចេញ​មតិ​ប្រមាថ​ ​មើល​ងាយ


ការ​បញ្ចេញ​មតិ​​​ប្រមាថ​ ឬ មើល​ងាយ​លើ​អ្នក​ដទៃ គឺ​​អាច​ប៉ះពាល់​​ដល់​អារម្មណ៍​អ្នក​ដទៃ ជា​រឿង​មិន​សមរម្យ ហើយ​មិន​ត្រូវ​​គេ​​ទទួល​ស្វាគមន៍​ឡើយ​សម្រាប់​កន្លែង​ការងារ។ ពេល​ក្រុមហ៊ុន​មួយ​សម្រេច​ជ្រើស​រើស​យក​អ្នក អ្នក​នឹង​តំណាង​ឲ្យ​ក្រុមហ៊ុន​នោះ ហើយ​គ្មាន​នរណា​ម្នាក់​ចង់​បាន​បុគ្គលិក​ដែល​ប្រើ​សម្ដី​ប្រមាថ ឬ មើល​ងាយ ដោយ​យក​ឈ្មោះ​ក្រុមហ៊ុន​ខ្លួន​មក​ឡូកឡំ​នោះ​ទេ។
៣. រូបភាព​មិន​សម​គួរ​
បើ​អាច​ជៀស​បាន គួរ​ជៀស​​ការ​បង្ហោះ​ ឬ ចែក​រំលែក ​រូបភាព​​ខ្លួន​ដើរ​លេង​ចូល​ក្លឹប​ដាច់​យប់ ឬ​ រូបភាព​បែប​ស្រើប​ស្រាល និង​រូបភាព​មិន​សម​គួរ​ដទៃ​ទៀត។ មុន​នឹង​បង្ហោះ​ ឬ ចែក​រំលែក គិត​គូរ​ឲ្យ​បាន​ល្អិតល្អន់​សិន។ ផ្ទុយ​ទៅ​វិញ​គួរ​បង្ហោះ​រូបភាព​​ណា​ដែល​មើល​ទៅ​សប្បាយៗ រូបភាព​គ្រួសារ​បងប្អូន ឬ អ្វី​ដែល​បង្ហាញ​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន។
#បើ​​វេទនា​អ៊ីចឹង​ ហេតុ​អ្វី​មិន​កំណត់​គណនី​ទៅ​ជា​ Private?
​​​​​ការ​កំណត់​គណនី​ទៅ​ជា​លក្ខណៈ​ Private (ឯកជន) អាច​ជួយ​ការពារ​នេះ​​ពី​ការ​លួច​មើល​របស់​ជន​ដែល​អ្នក​មិន​ស្គាល់​មុខ​បាន ប៉ុន្តែ​ប្រសិន​បើ​កំណត់​គណនី​ទៅ​ជា​ Public (សាធារណៈ) អាច​បង្កើត​ឱកាស​ឲ្យ​អ្នក​ច្រើន។ ទំនាក់ទំនង​ផ្នែក​ជំនួញ​ភាគ​ច្រើន​ធ្វើ​ឡើង​តាម​រយៈ​បណ្ដាញ​សង្គម ប៉ុន្តែ​ក៏​ត្រូវ​ប្រាកដ​ថា​អ្នក​ចង់​កំណត់​គណនី​ទៅ​ជា​ Public ផង​ដែរ។ ប៉ុន្តែ​បើ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល ឬ មិន​​ចូល​ចិត្ត​ប្រភេទ Public នោះ​អ្នក​មិន​បាច់​កំណត់​ជា​ Public ទេ។ អ្នក​អាច​ធ្វើ​ការ​បញ្ជាក់​ប្រាប់​និយោជក​​នៅ​ក្នុង​ Cover Letter ថា​ អ្នក​អាច​ផ្ដល់​ការ​​ Access ​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​ដល់​ពួក​គេ​បាន ប្រសិន​បើ​ចាំ​បាច់។ មិន​ថា​ជ្រើស​រើស​ជម្រើស​ណា​ ត្រូវ​ប្រាកដ​ថា​គណនី​បណ្ដាញ​សង្គម​របស់​អ្នក​ បាន​​បង្ហាញ​ពី​ការ​ទំនួល​ខុស​ត្រូវ​ ឬ ភាព​ប៉ិនប្រសប់​របស់​អ្នក ដើម្បី​ជា​ការ​ទាក់​ទាញ​ដល់​និយោជក​ពេល​រក​ការងារ៕​​​

No comments