លើកនេះមានទាំងរូបភាពច្បាស់ៗ និងលក្ខណៈសម្បត្តិពេញ Galaxy Note20 Ultra
Galaxy Note20 Ultra នឹងប្រកាសចេញនាថ្ងៃទី ៥ ខែសីហា ប៉ុន្តែពេលនេះលក្ខណៈសម្បត្តិពេញ (លក្ខណៈសម្បត្តិសម្រាប់លក់នៅអឺរ៉ុប) និងរូបភាពច្បាស់ៗនៃស្មាតហ្វូននេះបានលេចធ្លាយ បង្ហាញអំពីដំណឹងមួយចំនួនដែលគេមិនបានដឹងពីមុនមក។
ផ្អែកតាមរូបភាព និងព័ត៌មានដែលចេញផ្សាយដោយ WinFuture.de បានបង្ហាញថា Galaxy Note20 Ultra នឹងមានអេក្រង់ Super AMOLED ទំហំ ៦,៩អ៊ីញ អាចបង្ហាញរូបភាពកម្រិត WQHD+ (3200x1440ភីកសែល) និងមាន Refresh Rate 120Hz ដែលគាំទ្រ HDR10+។ វានឹងជាស្មាតហ្វូនដំបូងក្នុងលោកដែលមានអេក្រង់ការពារដោយកញ្ចក់ Gorilla Glass 7 ផងដែរ។
សមិទ្ធផលមួយទៀតដែល Samsung នាំយកមកជាមួយ Galaxy Note20 Ultra គឺប៊ិច S-Pen ដែលមាន Latency ទាបបំផុតត្រឹម 9ms ប៉ុណ្ណោះ ប៉ុនគ្នានឹង Apple Pencil ដែរ។ ស្មាតហ្វូននេះនឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយ One UI 2.។ វាក៏មានទ្រនាប់ស្កេនម្រាមដៃលើអេក្រង់ និងរន្ធបំពងសំឡេងបែប Stereo ផងដែរ។ នៅផ្នែកខាងក្នុងមានប្រើប្រាស់ឈីប Exynos 990 អមជាមួយ RAM ទំហំ ១២GB និងជម្រើសអង្គផ្ទុកទំហំ ២៥៦GB/៥១២GB ជាប្រភេទ UFS 3.1 ហើយមានរន្ធដោតមេមូរីកាតទៀតផង។
ចំពោះកាមេរ៉ាផ្នែកខាងក្រោយវិញគឺមានកាមេរ៉ាចំនួនបីគ្រាប់ ដែលកាមេរ៉ាមេទំហំ ១០៨MP មាន Dual-Pixel Autofocus, Laser Autofocus, មាន Aperture f/1.8 និងអាចថតវីដេអូ 8K/30fps។ កាមេរ៉ាបន្ទាប់ជា Ultrawide ទំហំ ១២MP ដែលមាន Aperture f/2.2។ ចុងក្រោយគឺកាមេរ៉ា Periscope ទំហំ ១២MP ដែលអាច Zoom Optical 5x។ កាមេរ៉ាលើ Galaxy Note20 Ultra នេះ អាច Zoom បានឆ្ងាយបំផុតត្រឹម 50x មិនដល់ 100x ដូច S20 Ultra ឡើយ។
កាមេរ៉ាខាងមុខវិញគឺមានទំហំ ១០MP ដែលមាន Dual-Pixel Autofocus និងមាន Aperture f/2.2។ មុខងារមួយចំនួនទៀតមានដូចជាកន្លែងដាក់ស៊ីមពីរ និងមានគាំទ្រ eSIM, មានប្រព័ន្ធ 5G, LTE, Wi-Fi 6, Bluetooth 5.0, NFC និងរន្ធ USB Type-C 3.2 ផងដែរ។
ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀតគឺ Galaxy Note20 Ultra នឹងមាននូវ Cloud Gaming ដែលបង្កើតឡើងក្រោមការសហការជាមួយ Microsoft។ លើស្មាតហ្វូននេះនឹងមានហ្គេមល្បីៗជាង ៩០ ដែលអាចចូលលេងបានតាមរយៈ Xbox Game Pass។
ប្រភពខាងលើបានលម្អិតបន្ថែមថា Galaxy Note20 Ultra មានវិមាត្រ 164.8 x 77.2 x 8.1 ម.ម, ដំណើរការដោយថ្មទំហំ ៤៥០០ mAh, សាកថ្មកម្លាំង 45W, អាចសាកថ្មឥតប្រើខ្សែ, មាន Reverse Wireless Charging, មានសមត្ថភាពការពារទឹកនិងធូលី IP68 និងមានជម្រើសពណ៌ពីរ គឺពណ៌ខ្មៅ និងពណ៌សំរឹទ្ធ៕
No comments