Google រកឃើញវិធីសាស្ត្រ មិនឲ្យ Chrome ស៊ី RAM ច្រើនដូចមុន
Google បានចំណាយពេលជាច្រើនឆ្នាំក្នុងការកាត់បន្ថយការប្រើប្រាស់ RAM ដ៏ច្រើនមហាសាលនៃកម្មវិធី Chrome ហើយឆាប់ៗនេះក្រុមហ៊ុននឹងបញ្ចេញការអាប់ដេតមួយសម្រាប់អ្នកប្រើប្រាស់លើ Windows 10 ដែលជួយកាត់បន្ថយការប្រើ RAM ឲ្យកាន់តែតិចជាងមុន។
WindowsLatest បានឲ្យដឹងថាវិស្វករ Google ម្នាក់ កាលពីថ្មីនេះបានបង្ហាញអំពីការអាប់ដេតថ្មីនៃកម្មវិធី Chrome ដែលប្រើប្រាស់បច្ចេកទេសមួយបានមកពី Microsoft Edge អាចកាត់បន្ថយទំហំ RAM ដែលត្រូវការ និងជួយបង្កើនដំណើរការឲ្យលឿនជាងមុនផងដែរ។ Chrome នឹងប្រើប្រាស់មុខងារគ្រប់គ្រង RAM ឈ្មោះថា "Segment Heap” ដែលមុខងារនេះនៅលើ Microsoft Edge គឺអាចកាត់បន្ថយការប្រើប្រាស់ RAM បានតិចជាងមុន ២៧%។
ទំហំ RAM ដែលអាចកាត់បន្ថយគឺអាស្រ័យលើម៉ាស៊ីនកុំព្យូទ័រនីមួយៗ ប៉ុន្តែបើតាមការធ្វើតេស្តបង្ហាញថាវាអាចសន្សំ RAM បានរាប់រយ MB ឯណោះ។ ចំពោះកាលបរិច្ឆេទបញ្ចេញការអាប់ដេតនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ៕
No comments