ពេលនេះកុំព្យូទ័រលឿនជាងគេក្នុងលោក មិនមែននៅអាមេរិក ហើយក៏មិនមែននៅចិន
Supercomputer មួយរបស់ជប៉ុន បានឡើងឈរតំណែងលេខមួយនៃបញ្ជីចំណាត់ថ្នាក់ល្បឿន Supercomputer កំពូលទាំង ៥០០។ វាមានឈ្មោះថា Fugaku ដែលមានទីតាំងស្ថិតនៅទីក្រុង Kobe ប្រទេសជប៉ុន សហការផលិតរវាងក្រុមហ៊ុន Riken និង Fujitsu។
Fugaku មានល្បឿន ៤១៥,៥ Petaflop ក្រោមការធ្វើតេស្តផ្នែក Top500 HPL ដែលលឿនជាង Summit ប្រមាណ ២,៨ដង ដែល Summit នេះធ្លាប់ជាអតីត Supercomputer ល្បឿនលឿនដាច់គេពីមុនមក។
វាគឺជាលើកដំបូងដែលកុំព្យូទ័រប្រើប្រាស់ ARM Processor ស្ថិតនៅតំណែងកំពូលនៃបញ្ជី ហើយក៏ជាលើកដំបូងសម្រាប់ជប៉ុនក្នុងរយៈពេល ៩ ឆ្នាំ ដែលមានកុំព្យូទ័រស្ថិតនៅតំណែងកំពូល។ ៩ឆ្នាំមកនេះ Supercomputer លឿនជាងគេ បើមិនមែនរបស់ប្រទេសអាមេរិកទេ គឺរបស់ប្រទេសចិន។
Fugaku នឹងចាប់ផ្ដើមធ្វើប្រតិបត្តិការពេញលេញនៅឆ្នាំក្រោយនេះ ហើយកន្លងមកគេបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវសាកល្បងលើជំងឺកូវីដ១៩ រួមមានការធ្វើរោគវិនិច្ឆ័យ ប៉ាន់ស្មានពីការសាយភាយនៃជំងឺ និងប្រសិទ្ធភាពនៃកម្មវិធីតាមដានជំងឺកូវីដ១៩ថ្មីរបស់ជប៉ុនផងដែរ។
សរុបជារួមមាន Supercomputer ចំនួន ២២៦ របស់ចិនមានឈ្មោះក្នុងបញ្ជី, របស់អាមេរិកមានចំនួន ១១៤ ហើយរបស់ជប៉ុនមានចំនួន ៣០៕
No comments