OPPO នឹងបង្ហាញចេញបច្ចេកវិទ្យាសាកថ្មកម្លាំង 125W នៅ២ថ្ងៃទៀត
ប៉ុន្មានឆ្នាំកន្លងមកនេះ OPPO តែងតែបានបង្ហាញចេញបច្ចេកវិទ្យាសាកថ្មស្មាតហ្វូនមានល្បឿនលឿន ដែលមានការវិវត្តន៍កាន់តែលឿនទៅៗ។ បច្ចុប្បន្ននេះល្បឿនសាកខ្លាំងបំផុតគឺមានត្រឹម 65W ប៉ុន្តែក្រុមហ៊ុនកំពុងត្រៀមបង្ហាញចេញបច្ចេកវិទ្យាថ្មីនៅថ្ងៃទី ១៥ ខែកក្កដា ដែលមានកម្លាំងសាកដល់ 125W។
គេរំពឹងថា OPPO នឹងបង្ហាញចេញបច្ចេកវិទ្យានេះជាផ្លូវការនាថ្ងៃពុធ ហើយអាចនឹងបង្កើតស្ថានីយសាកល្បងមួយសម្រាប់សមាជិកអ្នកកាសែតនៅប្រទេសចិន អាចសាកល្បងបច្ចេកវិទ្យាថ្មីនេះផងដែរ។
គួរដឹងថាខាងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន OPPO តែងតែជាក្រុមហ៊ុននាំមុខគេមួយ។ ជាក់ស្ដែងដូចជាកាលពីខែមិថុនា ឆ្នាំ ២០១៨ ក្រុមហ៊ុនបានបង្ហាញចេញមុនគេនូវបច្ចេកវិទ្យាសាកថ្មកម្លាំង 50W SuperVOOC ពេលប្រកាសចេញ OPPO Find X។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏នាំមុខគេជាមួយបច្ចេកវិទ្យាសាកថ្ម 65W SuperVOOC 2.0 ដែលបង្ហាញមុខជាមួយត្រកូល OPPO Find X2៕
No comments