ទីបំផុត​បច្ចេក​វិទ្យា​សាកថ្ម​កម្លាំង 120W ដំបូង​គេ​លើ​លោក ត្រូវ​បាន​ប្រកាស​ចេញ​ជាផ្លូវការ​ដោយ iQOO - IT-Cambodia

Facebook

Breaking News

ទីបំផុត​បច្ចេក​វិទ្យា​សាកថ្ម​កម្លាំង 120W ដំបូង​គេ​លើ​លោក ត្រូវ​បាន​ប្រកាស​ចេញ​ជាផ្លូវការ​ដោយ iQOO

បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតទូរសព្ទឆ្លាតជាច្រើន កំពុងតែប្រកួតប្រជែងគ្នាខ្លាំងមែនទែន ក្នុងការបំពាក់បច្ចេកវិទ្យាថ្មី ដែលកាន់តែមានសមត្ថភាពខ្លាំងជាងមុន នៅលើទូរសព្ទឆ្លាតរបស់ខ្លួន ជាពិសេសនោះ គឺជាយីហោទូរសព្ទឆ្លាតជាច្រើន ដែលមានប្រភពមកពីប្រទេសចិនតែម្ដង ដោយពួកគេបានធ្វើការពង្រឹងបន្ថែម ពីមួយជំនាន់ទៅមួយជំនាន់លើចំណុចជាច្រើន ជាក់ស្ដែងគេក៏បានធ្វើការ បំពាក់កម្លាំងសាកកាន់តែខ្លាំង ថែមទៀតផង។ មិនខុសទេ បន្ទាប់ពី OPPO បានបង្ហើបថាខ្លួននឹងប្រកាសចេញបច្ចេកវិទ្យាសាកកម្លាំង 125W នៅក្នុងថ្ងៃទី 15 នេះ iQOO ដែលយីហោមួយស្ថិតក្រោមយីហោធំ vivo នោះ បានចេញមុខធ្វើការប្រកាសចេញបច្ចេកវិទ្យាសាកថ្មកម្លាំង 120W ដំបូងគេជាផ្លូវការតែម្ដង។


ដូចបានប្រាប់នៅខាងលើអញ្ចឹង ពេលនេះយីហោទូរសព្ទឆ្លាតមួយ ដែលស្ថិតក្រោមយីហោ vivo ឈ្មោះថា iQOO នោះ បានធ្វើការប្រកាសចេញបច្ចេកវិទ្យាសាក Ultra-Fast Charging កម្លាំង 120W ជាផ្លូវការហើយ អ្វីដែលពិសេសនោះ វាអាចធ្វើការសាកថ្មដែលមានទំហំ 4,000mAh ដោយចំណាយពេលត្រឹមតែ 15 នាទីតែប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា បើតាមការបង្ហាញចេញពី iQOO ផ្ទាល់ គឺបច្ចេកវិទ្យានេះ វាចំណាយពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ ក្នុងការសាកថ្មទំហំដូចខាងលើនេះឡើងពី 0% ទៅ 50% បាន ប៉ុន្តែនៅក្នុងនោះ គេត្រូវប្រើប្រាស់ថ្មពីរដាច់ពីគ្នា ដោយមួយចំហៀងអាចផ្ទុកថាមពល 2,000mAh ទន្ទឹមគ្នានេះ គេក៏បានប្រើប្រាស់ឈីបពីរ សម្រាប់ទ្រទ្រង់លើការសាកកម្លាំង 120W នេះដូចគ្នាដែរ ព្រោះដើម្បីទប់ស្កាត់បញ្ហាឡើងកម្តៅបានមួយផ្នែកធំ។ ទៅលើការប្រើឈីបពីរនេះដែរ គឺពិតជាមានសារៈសំខាន់មែនទែន សម្រាប់បច្ចេកវិទ្យាខាងលើ ពោលគឺនៅលើឈីបមួយ វាអាចធ្វើការទាញយកថាមពលបានក្នុងកម្លាំង 60W (20V,3A) ដូចគ្នា គិតបញ្ចូលគ្នាទៅ គឺវាអាចស្រូបយកថាមពលបានក្នុងកម្លាំង 120W (20V,6A) ថែមទាំងអាចផ្ទេរថាមពលចេញវិញ បានក្នុងកម្លាំង 60W (10V,3A) លើឈីបនីមួយៗ និយាយឲ្យចំទៅ បើគិតបញ្ចូលគ្នា គឺកម្លាំង 120W (10V,12A) នេះឯង។

ក្រៅពីនេះទៀត iQOO ក៏បានធ្វើការបញ្ជាក់ដែរថា បច្ចេកវិទ្យាសាកថ្ម Ultra-Fast Charging ខាងលើនេះ នឹងអាចដំណើរការបានយ៉ាងមានស្ថេរភាព និងមិនមានបញ្ហាឡើងកម្តៅនោះឡើយ ព្រោះថាគេក៏បានធ្វើការបង្កើន សមត្ថភាពទៅលើប្រព័ន្ធបន្សាបកម្តៅ Superconducting VC Liquid Cooling ឲ្យកាន់តែប្រសើរជាងមុនថែមទៀតផង។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុនខាងលើនេះ មិនទាន់បានបង្ហើបប្រាប់ឡើយថា ទូរសព្ទឆ្លាតដំបូងដែលនឹងប្រើប្រាស់បច្ចេកវិទ្យានេះមុនគេនោះ គឺជាម៉ូឌែលអ្វី ប៉ុន្តែគេរំពឹងទុកថា ទូរសព្ទឆ្លាតមួយនោះ គឺអាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែសីហាខាងមុខនេះតែម្ដង។ យ៉ាងណាក៏ដោយ កន្លងមកបច្ចេកវិទ្យាសាក 120W ខាងលើ ក៏ធ្លាប់ត្រូវបាន vivo ផ្ទាល់ ធ្វើការបង្ហើបដែរ ប៉ុន្តែគេមិនបានប្រកាសចេញផ្លូវការនោះទេ ហើយទើបតែពេលនេះ ទើបយីហោតូចខាងលើ ដែលស្ថិតក្រោមយីហោធំ vivo នោះ ធ្វើការប្រកាសចេញតែម្ដង។
ប្រភព ៖ Cambo-Report

No comments